(ភ្នំពេញ)÷នៅទីស្តីការក្រសួង នាថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបឋមជាមួយក្រុមបេសកកម្មធនាគារកូរ៉េ K-Eximbank/EDCF ដើម្បីស្វែងយល់ពីសមិទ្ធិលទ្ធភាព គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនាល ក្នុងខេត្តស្វាយរៀង ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃតំបន់សណ្តទន្លេមេគង្គភាគខាងកើតប្រទេសកម្ពុជា។
សូមជម្រាបថាកិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជានិងមន្ត្រីមកពីការិយាល័យកណ្តាល ប្រធាន អនុប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់ តំណាងនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងមន្រី្តក្រោមឱវាទក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ក្រុមបេសកកម្មនឹងបន្តចុះពិនិត្យទីតាំងនៅថ្ងៃទី២៩ ខែកុម្ភៈ ២០២៤ បន្ទាប់មកនឹងមានកិច្ចប្រជុំបូកសរុបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមបេសកកម្ម គម្រោងនឹងឈានដល់ការស្នើសុំការគាំទ្រហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ K-Eximbank ក្នុងឆ្នាំ២០២៤នេះ៕