(បាត់ដំបង – ប៉ៃលិន)÷ក្នុងឱកាសចុះពិនិត្យការងារតាមបណ្តាខេត្តនាភាគពាយ័ព្យឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានចុះពិនិត្យទំនប់អាងស្ទឹងក្រញូង ក្នុងភូមិសាស្រ្តស្រុករតនមណ្ឌល និងស្រុកសំឡូត ក្បាលស្ទឹងសង្កែ ចំងាយ ៣០ គីឡូម៉ែត្រ ប៉ែកខាងលើ ពីសំណង់សេកសករបស់ខេត្តបាត់ដំបង និងទំនប់អាងស្ទឹងស្លេវ ទំនប់អាងបរហ៊ុយ និងទំនប់អាងបុសស្អំ ក្នុងខេត្តប៉ៃលិន ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តនាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ពេលអនុវត្តគម្រោងរួច ទំនប់ទឹកអាងក្រញូងមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងសង្កែដែលតែងជន់លិចខេត្តបាត់ដំបង និងអាចកាត់បន្ថយជាអតិបរមាលើគ្រោះរាំងស្ងួតក្នុងខេត្តមួយនេះ។ ទំនប់ទឹកអាងក្រញូងនឹងក្លាយជាមូលដ្ឋានសន្តិសុខទឹកដ៏ធំរបស់ខេត្តបាត់ដំបង ជាពិសេសដោះស្រាយការខ្វះខាតទឹកក្នុងតំបន់អាងទឹកកំពីងពួយ អាងទឹកសេកសក ដោះស្រាយលើបញ្ហាគ្រោះរាំងស្ងួតក្នុងតំបន់កង្ហត តំបន់មោងឫស្សី តំបន់គាស់ក្រឡ តំបន់ព្រែកជីក តំបន់ស្វាយ តំបន់វាលទ្រា តំបន់អូរតាគី តំបន់មង្គលបូរី តំបន់បវេល និងតំបន់ព្រៃខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ទំនប់អាងទឹកស្លេវ ទំនប់អាងទឹកបុសស្អំ និងទំនប់អាងទឹកបរហ៊ុយ ក្នុងខេត្តប៉ៃលិនពេលសាងសង់រួចនឹងធ្វើឱ្យខេត្តដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃមួយនេះមានអាងទឹកប្រើប្រាស់គ្រប់គ្រាន់លើគ្រប់វិស័យទាំងអស់។ នៅរដូវវស្សា អាងទឹកទាំងនេះមានមុខងារដោះទឹក ស្តុកទឹកដ៏សំខាន់កាត់បន្ថយជាអតិបរមាលើជំនន់ដែលតែងតែយាយីដល់ខេត្តនេះជាប្រចាំ ហើយជួយដោះស្រាយបញ្ហាខ្វះខាតទឹកនិងគ្រោះរាំងស្ងួតនៅផ្នែកខាងក្រោមដូចជាតំបន់អូរដូនតា តំបន់តាហែន តំបន់បវេល និងតំបន់មង្គលបូរី បានដោយប្រសិទ្ធភាពខ្ពស់៕