ព័ត៌មានជាតិ

ឯកឧត្តម​ ប៉ុញ​ សច្ច:​ ទទួលជួបពិភាក្សាការងារជាមួយគណៈ​ប្រតិភូ​មជ្ឈមណ្ឌលអន្តរជាតិសម្រាប់សន្តិសុខទឹក​ និងការគ្រប់គ្រងដោយនិរន្តរភាព​របស់​ UNESCO-iWSSM

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម, នាថ្ងៃពុធ ១២កើត ខែមាឃ​ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួង​ធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី​ ឯកឧត្តមអគ្គាធិការ​ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស និង​លោកប្រធាននាយកដ្ឋាន​ នៃក្រសួងធនធានទឺក​ និងឧតុនិយម​ បាន​ទទួលជួបពិភាក្សា​ការងារជា​មួយ​លោក​ Bongwoo​ Shin​ នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់​សន្តិសុខទឹក​​ និង​ការគ្រប់គ្រង​ដោយ​និរន្តរភាព និង​លោកស្រី Sukkyung Sung ប្រធានក្រុមការងារ​ នៃUNESCO i-WSSM។

ឯកឧត្តម​រដ្ឋលេខាធិការមានប្រសាសន៍ថា​​ ក្រសួងបរិស្ថាន​ នៃសាធារណរដ្ឋកូរ៉េ​​​បានផ្តល់ជំនួយអភិវឌ្ឍន៍​ផ្លូវការ​(ODA)​ ដល់​ក្រសួង​ធន​​​ធានទឹក និងឧតុនិយម​​លើគម្រោង​​ពង្រឹងសមត្ថភាពរបស់​មន្ត្រី​ក្នុង​ការ​អង្កេត​ជលសាស្ត្រ​ចាប់​ពី​ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។

​ជាលទ្ធផលនៃកិច្ចជំនួបពិភាក្សាការងារ​​ ឯកឧត្តមរដ្ឋលេខាធិការ​បញ្ជាក់ថា​​ ទី១)​ ភាគីកូរ៉េ​នឹងបន្តផ្តល់​ជំនួយ​ដល់កម្ពុជា​ តាមរយៈគម្រោង​ជំនួយ​អភិវឌ្ឍន៍ផ្លូវការ(ODA)​​ ​សម្រាប់​ឆ្នាំ​២០២៥ ដោយត្រូវរៀបចំ​ផែនការ​​ស្នើសុំទៅកូរ៉េឱ្យ​បានរួចរាល់មុន​ពេល​ ១០ខែទៀត។​ ទី២)​ ភាគីកូរ៉េ UNESCO i-WSSM បានទទួលយក​នូវ​សំណូមពរ​ ដើម្បីពិភាក្សាជាមួយ K-Water ក្នុងការស្នើសុំបង្កើត​វិទ្យាស្ថាន​អង្កេតជលសាស្ត្រកម្ពុជា​(CIHS)។​ និង​ ​ទី៣)​ ភាគីកូរ៉េ UNESCO i-WSSM នឹងបង្កើន​ជំនួយ​​ក្នុង​ការពង្រឹងសមត្ថភាព បច្ចេកទេស​ថ្មីៗដល់កម្ពុជា​លើ​ផ្នែកជលសាស្រ្តឱ្យកាន់តែប្រសើរ​ឡើង។

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការ​​ បាន​សំណូមពរឱ្យ​ភាគី​កូរ៉េជួយសិក្សា​ពីសក្តាពលទឹកនៅ​តាម​អាងទន្លេ ដើម្បីរៀបចំផែនការប្រើប្រាស់ទឹកឱ្យ​បានត្រឹមត្រូវក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ​។​ ជាមួយ​គ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េ និងក្រុមការងារនៃគម្រោង ដែលបានជួយនិងសហការល្អនាពេលកន្លងមក និងបានស្នើឱ្យ​ភាគីកូរ៉េ បន្តជួយគម្រោង ODA នេះឱ្យ​បាន​ខ្លាំងថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើង ដោយមានតម្រូវការជាឧបករណ៍​ជលសាស្រ្ត និងសម្ភារ:បច្ចេកទេសថ្មីៗ និងអាចសិក្សាសក្តានុពលទឹកជាគំរូសាកល្បងក្នុង​អាងទន្លេ​ណា​មួយ​សិន មុននឹងពង្រីកទៅតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា​ ​កិច្ចជំនួបនេះក៏មានការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក​​ ក្នុងការដោះស្រាយ​​បញ្ហានានាដែលបានជួបប្រទះកន្លងមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យ​កាន់តែល្អថែមទៀត៕​