ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពជីដូនឯកឧត្តម ថោ ជេដ្ឋា

 

(ខេត្តកណ្តាល)÷នាព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន ត្រូវជាជីដូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមនៅវត្តក្រពើហា ផ្លូវជាតិលេខ២ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន បានទទួលមរណភាព កាលពីវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន ដែលជាការបាត់បង់ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕