(កំពង់ចាម – ព្រៃវែង)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនៅស្ថានីយបូមទឹកលេខ១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន២ ដើម្បីអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករ។
លោកប្រធានមន្ទីរបានឱ្យដឹងថា កិច្ចអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹកលេខ១ នៃគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ស្រោចស្រពវ៉ៃគោ ជំហាន២ គឺប្រើម៉ូទ័របូមទឹកពីប្រភពទឹកទន្លេតូច នៅពេលថ្ងៃ ចំនួន ២គ្រឿង និងពេលយប់ ចំនួន៤គ្រឿង។ ក្នុងករណី ទឹកទន្លេតូចមានទឹកគ្រប់គ្រាន់ និងមានអគ្គិសនីផ្គត់ផ្គង់គ្រប់ត្រូវបន្ថែមម៉ូទ័របូម ចំនួន ២គ្រឿងទៀត (ដែលមានមុខកាត់ ១,៦ម៉ែត្រ កំលាំង ៤៦០KW) សរុប ចំនួន ៦គ្រឿង ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កិច្ចអន្តរាគមន៍បូមទឹកនេះ គឺដើម្បីបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹក ចំនួន ៩ ៨៨៣ ហិកតា នៅ ១៣ឃុំ ក្នុងស្រុកចំនួន៣ នៃខេត្តព្រៃវែង៕