(ភ្នំពេញ)៖នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយ៩៦ ការងារដោះស្រាយផលប៉ះពាល់ និងការងាររុះរើសំណង់អាណាធិបតេយ្យរំលោភចំណីប្រឡាយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមក ការអនុវត្តគម្រោងនៅតាមភូមិសាស្ត្រខាងលើមានសភាពយឺតយ៉ាវ ដោយសារមានការរំលោភបំពានចំណីប្រឡាយ និងច្រាំងស្ទឹង ពីសំណាក់ក្រុមជនមួយចំនួន ប៉ុន្តែពេលនេះការអនុវត្តការងារបានបន្តទៅមុខ បន្ទាប់ពីបញ្ហាទាំងនោះត្រូវបានដោះស្រាយបញ្ចប់ ហើយដីទាំងអស់ត្រូវបានប្រមូលទុកជាទ្រព្យសម្បតិ្តរបស់រដ្ឋ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោត ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋស្របតាមច្បាប់រដ្ឋធម្មនុញ ពីសំណាក់ក្រុមជនមួយចំនួន និងបានអំពាវនាវដល់បងប្អូនដែលបានចូលកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងដីចំណីស្ទឹងព្រែកត្នោតចម្ងាយ ៣០ម៉ែត្រពីមាត់ច្រាំងស្ទឹង ដោយពុំបានដឹងអំពីបទប្បញ្ញត្តិច្បាប់ជាធរមាន សូមសហការរុះរើសំណង់ និងដកចេញដោយស្ម័គ្រចិត្តដើម្បីចូលរួមអនុវត្តគម្រោងរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសហការទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់លើជនរឹងរូសដែលពុំព្រមសហការជាមួយអាជ្ញាធរ ហើយនៅតែបន្តសកម្មភាពរំលោភប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត៕