(ព្រៃវែង)៖ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកសុីធរកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសុីធរកណ្ដាលនាពេលនេះ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសារ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្រ្តីរាជការស្រុកសុីធរកណ្ដាល និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋសរុបចំនួន ២,៦៨៩រូប។