ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ

 

(ភ្នំពេញ)÷នៅថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩-៣០ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញថ្លែងសុន្ទរកថាបើក និងដឹកនាំអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ការចុះបញ្ជី និងការគ្រប់គ្រង ស.ក.ប.ទ សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការផ្ទេរការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ បណ្តាញកសិករនិងទឹក សហគមន៍កសិករប្រើប្រាស់ទឹក មជ្ឈមណ្ឌលសេវាកម្មធារាសាស្រ្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត AFD, IFAD, Korea Eximbank, JICA, FAO, EDCF, TA-AGRI និង TA-ISWM សរុបចំនួន ១៦៣នាក់ ក្នុងនោះមានស្រ្តី ៤០នាក់។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា សិក្ខាសាលាបានពិភាក្សាលើសេចក្តីព្រាង ប្រកាស និងគោលការណ៍ណែនាំ រួមមាន៖ ១)គោលការណ៍ណែនាំគំរូលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ស.ក.ប.ទ ២)ប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ ៣)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ ស.ក.ប.ទ ៤) ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ស.ក.ប.ទ ការចុះបញ្ជីនិងការគ្រប់គ្រង ស.ក.ប.ទ ៥)សេចក្តីព្រាងលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និង ៦)សេចក្តីព្រាងស្តីពីកិច្ចដំណើរការ និងការថែទាំ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ណាស់ក្នុងការប្រមូលយកធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមឱ្យឯកសារព្រាងគតិយុត្តទាំងនេះមានភាពពេញលេញ និងអាចយកទៅអនុវត្តបាន។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេលពីរថ្ងៃនេះមានការចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជា ដំណោះស្រាយនានា ពីសំណាក់សិក្ខាកាមទាំងអស់ ក្នុងការគ្រប់គ្រង ស.ក.ប.ទ និងប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឱ្យសិក្ខាសាលានេះមានភាពផុលផុស និងទទួលបានធាតុចូលប្រកបដោយអត្ថន័យ និងមានភាពគ្រប់ជ្រុងជ្រោយ មុននឹងឈានដល់ការបញ្ចប់រាល់ឯកសារគតិយុត្តទាំងអស់នេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅកម្ពុជា ក៏ដូចជាកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាព៕