ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាព ត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យគម្រោងការងារជួសជុលអាងទឹកស្រែល្អ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងគម្រោងស្តារអូរប្រឡាយក្តាន់ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ការងារជួសជុលទំនប់អាងទឹកស្រែល្អ រួមមាន៖ ១)ជួសជុលទំនប់ប្រវែង ៣២០០មែត្រ ២)សាងសង់សំណង់បង្ហៀរចំនួន១កន្លែង ៣)សាងសង់សំណង់លូយកទឹកចំនួន៣កន្លែង និង៤)សាងសង់សំណង់ទ្វារទឹកចំនួន១កន្លែង ហើយគិតរហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៦០%។
សូមជម្រាបថា ទំនប់អាងទឹកស្រែល្អមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបាក់អន្លួង ស្រុកត្រពាំងប្រាសាទ និងឃុំអន្លង់វែង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទំនប់អាងទឹកស្រែល្អ ទទួលប្រភពទឹកពីអូរមេម៉ាយ(ជាផ្នែកដើមទីនៃប្រភពទឹកស្ទឹងសែន) និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់បម្រើការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ១៩៩៧ហិកតា ស្រូវរដូវប្រាំងចំនួន ៥៩០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦៩ហិកតា ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ដែលរួមមាន៖ ១)ស្តារអូរប្រឡាយក្តាន់ប្រវែង ៦ ៥០០មែត្រ ២)សាងសង់សំណង់ទ្វារទឹកចំនួន៣កន្លែង ៣)សាងសង់លូដោះទឹកចំនួន៩កន្លែង និង៤)សាងសង់លូចម្លង ចំនួន ១កន្លែង។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០%។
សូមបញ្ជាក់ថា ប្រឡាយនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ប្រឡាយនេះជាអូរធម្មជាតិ ទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងមង្គលបុរីនៅរដូវវស្សាមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៧៥០ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារស្តារប្រឡាយ ជួសជុលទំនប់ និងការងារសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយូរអង្វែង៕