ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ក្នុងខេត្តតាកែវ និងប្រឡាយមេព្រៃទន្លេ ក្នុងខេត្តកំពត

 

(ខេត្តតាកែវ-ខេត្តកំពត)÷នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ និងប្រឡាយមេព្រៃទន្លេ (តន់ហន់) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ រួមជាមួយលោកអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោកអភិបាលស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ។

សូមជម្រាបថា ប្រឡាយ៩៨ មានប្រវែង ៤៦គីឡូម៉ែត្រ បានទទួលប្រភពទឹកពីស្ទឹងតាកែវ ហើយត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ១៩៩៦ ដោយកម្មវិធីប្រាសាក់២។ ប្រព័ន្ធប្រឡាយ៩៨ មានប្រឡាយរងចំនួន ៣០ខ្សែ ប្រវែង ១៣០គីឡូម៉ែត្រ ប្រព័ន្ធនេះគ្របដណ្តប់លើភូមិចំនួន៤៩ នៃឃុំចំនួន១២ ក្នុងស្រុកចំនួន៣ នៃខេត្តតាកែវ រួមមាន ស្រុកបុរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើន​ផលសរុប ១៥០០០ហិកតា ដោយបងប្អូនប្រជាកសិករអាចបង្កបង្កើនផលបាន៣ដងក្នុង១ឆ្នាំ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ(តន់ហន់) ស្ថិតនៅក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយមេព្រៃទន្លេមានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ ដែលមានទំនប់ប្រវែង ១០៤៨ម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ១២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ២ខ្សែ ប្រវែង ២១២៥ម៉ែត្រ។ ប្រព័ន្ធប្រឡាយនេះលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០ ០០០ហិកតា និងរដូវប្រាំង ៤ ៥០០ហិកតា ៕