ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំ ធ្វើបច្ចុប្បន្នកម្មគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

(ភ្នំពេញ)÷ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំលុច្ស នៃក្រសួងធនធានទឹក​ និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន​ រដ្ឋលេខាធិការ​​​​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្ម គោលនយោបាយ​ ផែនការយុទ្ធសាស្ត្រ​និង​ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម​​​របស់​ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ​ អនុរដ្ឋលេខា​ធិការ ទីប្រឹក្សា​ក្រសួង ប្រធាននាយកដ្ឋានដែលជាសមាជិកអនុគណៈកម្មការ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើ ៖

១) ធ្វើបច្ចុប្បន្នកម្មគោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២)​​ រៀបចំតាក់តែងផែនការយុទ្ធសាស្ត្រ​​ និងផែនការសកម្មភាពពាក់ព័ន្ធលើ​វិស័យធនធានទឹកនិង​ឧតុនិយម សម្រាប់ឆ្នាំ២០២៤-២០២៨។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣​ បានចេញសេចក្ដី សម្រេចលេខ១៤៨ បង្កើតគណៈកម្មការ​ និងអនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង​ ដោយមានការបែងចែកជាអនុគណៈកម្មការចំនួន៥​ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង ដើម្បី​ឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​៕