(កំពង់ធំ)÷ព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៏ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះត្រួតពិនិត្យអាងទឹក និងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងទីតាំងម៉ាស៊ីនបូមទឹកខ្នាតមធ្យមរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដែលកំពុងតែដំណើរការបូមទឹកអន្តរាគមន៍។
សូមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានតម្លើងម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំនួន ០២គ្រឿង ដើម្បីបូមទឹកពីអាងទឹកស្ទឹងជីនិត ទំលាក់ចូលប្រឡាយមេស្ទឹងជីនិតខាងត្បូង នាំទៅសង្គ្រោះនៅស្រុកបារាយណ៍ ដែលប្រជាពលរដ្ឋកំពុងមានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃជាចាំបាច់។
ឆ្លៀតឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ ស្រុកទាំងអស់ ក្នុងការដោះស្រាយទឹកជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។