កំពត÷ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារស្នាក់នៅ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់នៅ និងអគារទីបញ្ជាការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរសជន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ។ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលក្នុងឆ្នាំ២០២២ និងក្នុងរយៈកាលពាក់កណ្តាលឆ្នាំ២០២៣ កន្លងមកនេះ បានខិតខំបំពេញតួនាទី និងភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល ការងារជំនាញ និងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង ជាពិសេស ក្នុងពេលដែលប្រជាជនមានតម្រូវការក្នុងការជួយសង្គ្រោះ ការការពារ និងកិច្ចអន្តរាគមន៍ផ្សេងៗក្នុងពេលមានគ្រោះអាសន្ន។ អ្វីដែលសំខាន់ផងដែរនោះ គឺការប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមរយៈការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអស្ថិរភាពណាមួយដោយអនុវត្តគ្រប់បទបញ្ជារបស់រាជរដ្ឋាភិបាល។បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដើម្បីតបស្នងចំពោះវីរភាព និងឆន្ទៈដ៏មោះមុតរបស់កងកម្លាំងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់នូវការគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ របស់កងកម្លាំង អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់នូវការឧបត្ថម្ភផ្សេងៗសំដៅ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងផ្តល់លំនឹងនៃសេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះ, ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយរួមទាំងប្រាក់សោធននិវត្តន៍ផងដែរ។មួយវិញទៀត ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កន្លងទៅ គឺគ្រប់កងកម្លាំងទាំងអស់ ត្រូវបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង រួមនឹងក្រុមគ្រួសារ ដើម្បីធានាបានសុខភាព និងអាយុជីវិតផង និងដើម្បីរួមចំណែកការពារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផង៕
ព័ត៌មានគួរចាប់អារម្មណ៍
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()
ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ()
ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()
វីដែអូ
ចំនួនអ្នកទស្សនា