…(បាងកក)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ សភាពាណិជ្ជកម្មថៃ ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ គណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះស្តីពីពាណិជ្ជកម្មនិងឧស្សាហកម្ម និងធនាគារនៃប្រទេសថៃ ដែលបានរៀបចំធ្វើសិក្ខាសាលាដ៏សំខាន់នេះ ព្រមទាំងបានសម្ដែងនូវការកោតសរសើចំពោះអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលានេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាកម្លាំងជំរុញដ៏ធំធេងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគនាពេលអនាគត រវាងកម្ពុជា-ថៃ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបានបានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជននៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រឹមឆ្នាំ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការដាក់ចេញនូវច្បាប់ គោលនយោបាយ និងវិធានការនានា ដើម្បីច្បាមយកកាលានុវត្តភាពដែលកើតចេញពីវិបត្តិ និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ស្របពេលដែលពិភពលោកកំពុងប្រឈមជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្ម សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលបណ្តាលមកពីបញ្ហាប្រឈមជាសកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការនានា រួមមាន៖ ច្បាប់ស្តីពីវិនិយោគថ្មី ច្បាប់ស្តីពីភាពជាដៃគូសាធារណៈនិងឯកជន (PPP), ច្បាប់វិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ ចំពោះក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្ដី បន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានធ្វើឱ្យកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ លើសពីនេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានបញ្ចប់ដោយជោគជ័យនូវការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ផងដែរ។ នៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ក៏មានការធ្វើបទបង្ហាញពី ឯកឧត្តមតំណាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) អំពីស្តីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និង ឯកឧត្តមតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញស្តីពីគោលនយោបាយវិនិយោគរបស់កម្ពុជា និងរបបលើកទឹកចិត្តផ្នែកពន្ធ ផងដែរ។ គួរបញ្ជាក់ជូនផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ភាគីពាក់ព័ន្ធទាំងអស់។ ជាការកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១។ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការនាំចូល និង ចែកចាយស្រាបៀរហនុមាន រវាងក្រុមហ៊ុន Hanuman Beverages Co.,LTD របស់កម្ពុជា ជាមួយក្រុមហ៊ុនចែកចាយ Yakyim Intertrade Co.,LTD របស់ថៃ។មុននឹងបញ្ចប់សិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្ដី បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ (១) គណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (២) APM Asset Pro Management (៣) Siam Commercial Bank Public Company Limited (៤) Terry Perfect Company Limited (៥) VEGA Natural Co.,Ltd (៦) Siam Cement-Building Materials Co.,Ltd (៧) T.K. Garment Co.,Ltd (៨) EXIM BANK (៩) Krung Thai Bank Public Company Limited (១០) Revorned Thailand (១១) Black Canyon Coffee & Eatery។ ក្រុមហ៊ុនខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃទទួលជួប និងចែករំលែកព័ត៌មានស្តីពីសក្តានុពលនៃប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនក៏បានសន្យានឹងទៅបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ()
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()
វីដែអូ
ចំនួនអ្នកទស្សនា