ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ណែនាំមន្ត្រីជំនាញ និងផ្នែកឯកជន ខិតខំកែច្នៃគោលដៅទេសចរណ៍ដែលមានស្រាប់ និងបង្កើតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ
Thu,17 March 2022 (Time 02:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 413នាក់)

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត ផែនការ យុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការ ចូលរួម ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីមន្ត្រីជំនាញក្រសួង និងវិស័យឯកជនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្ត ក្នុងទទួលទេសចរណ៍វ៉ាក់សាំង ដោយហេតុថា វិស័យទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា មាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជាមានការកើនឡើងគួរឱ្យកត់សំគាល់ ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជាក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «អ្វីដែលខ្ញុំចង់និយាយគឺគោលដៅថ្មី ការបង្កើតថ្មី ហើយទៅតាមគន្លងប្រក្រតីភាពថ្មី [..] រឿងទាំងអស់នេះ ដែលយើងត្រូវត្រួតពិនិត្យ គ្រប់គោលដៅទាំងអស់ បើសិនជាគោលដៅនីមួយៗអត់បានកែច្នៃ ឬអត់បានរៀបចំកែសំរួលឱ្យបានល្អទេ ក៏មិនអាចទាក់ទាញភ្ញៀវទេចរបានច្រើនដែរ ។ ដើម្បីកែច្នៃឱ្យបានល្អ រដ្ឋបានរៀបចំទុនសម្រាប់អោយខ្ចី កែលំសណ្ឋាគារ ររមណីដ្ឋាន ផលិតផលទេសចរណ ធុនតូច និង មធ្យម។ចំណុចនេះត្រូវតែខិតខំធ្វើ ពិសេសផ្នែកឯកជនត្រូវតែគិតដល់បញ្ហានឹង»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងកន្លងមក មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា «គោលដៅទេសចរណ៍សុវត្ថិភាព» ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល ក្នុងនោះក្រសួងទេសចរណ៍ ក៏បានបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព នៅតាមកន្លែងគោលដៅទេសចរណ៍រួមមាន នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ចំពោះការវាយតម្លៃទីផ្សារទេសចរអន្តរជាតិ, ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញត្រូវបាន វាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថាចលនាទេសចរណ៍អន្តរជាតិ ក្នុងកម្រិតតំបន់ និងសកលលោកមានការប្រែប្រួលជាមួយនិន្នាការថ្មីដូចជា ភ្ញៀវទេសចរនឹងមានការគិតគូរពីសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងការធ្វើដំណើរកម្សាន្តជាមុន, ស្ថានភាពទីផ្សារទេសចរណ៍ក៏នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាព ផលិតផលនៃសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍ផងដែរ។
ជាមួយនឹងការប្រែប្រួលនិន្នាការថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធសហការជំរុញការអនុវត្តផែនការសកម្មភាពនៃ «វិធានការគោល នយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣» ឱ្យមានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមសូចនាករសមទ្ធកម្មវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
3000 នាក់
ខែនេះ :
21544 នាក់
3 ខែនេះ :
60125 នាក់
សរុប :
711787 នាក់