ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង ចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ
Sat,05 June 2021 (Time 06:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួងនៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ «ជីវៈចម្រុះនិងសុខភាពមនុស្ស» ដែលគឺជា ប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើប្រណិតចំនួនជាង ១៥០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៤០០ ដើម ដើមធ្នុងជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាអន្ធនេល ចំនួន ៤០០ ដើមត្រូវបានដាំនៅតាមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០ នាក់។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាសកម្ម ភាពនៃការដាំដើមឈើនិងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ជីវៈចម្រុះគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា៖«ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនបង្កើតភាពបៃតង ជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទេប៉ុណ្ណោះទេ តែបានចូលរួមថែរក្សានិងអភិរក្សប្រភេទឈើ ប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅរៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុង គគីរ ឈើទាលជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។ ឯកឧត្តមរដ្ឋលេខាធិការបានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជា ចលនាស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងការចូលរួមយ៉ាងផុសផុលនៃការដាំស្តារព្រៃឈើឡើងវិញ គឺជាកាយវិកានៃការគោរពស្រឡាញ់ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ដើមឈើដែលយើងទាំងអស់គ្នាបានដាំនៅថ្ងៃនេះគឺមានន័យថាកម្ពុជានឹងមានដើមឈើថ្មី បន្ថែមលើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើបន្ថែម និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជា។ បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ដាន ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះប្រព័ន្ធតំបន់ការពារពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះជាង ៧០ កន្លែង មានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមយុត្តាធិការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ ភាគរយនៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះគឺបានដើរតួនាទីសំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ សហគមន៍ និងដើម្បីជាដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជាពលរដ្ឋជាដើម។

ក្រុងសួងនៃខេត្តត្បូងឃ្មុំគឺជាក្រុងមួយក្នុងចំណោមក្រុង ស្រុកនៃប្រទេសកម្ពុជាដែលសកម្មលើការបង្កើតគម្របបៃតង និងចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិដោយ ក្នុងនោះ បើតាមការបញ្ជាក់រវស់លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលក្រុងសួង ដើមឈើប្រណីតរួមមានដើមគ្រញូង ធ្នុង នាងនួនរួមនឹងដើមផ្កាក្ងោកលឿង និងដើមអន្ធនេលជាង ៣០០០ ដើមហើយដែលត្រូវបានដាំនៅតាមដងផ្លូវនានាក្នុងក្រុងសួង។ រដ្ឋបាលក្រុងនឹងបន្តដាំដើមឈើបន្ថែមទៀតនៅឆ្នាំខាងមុខ។ ជាមួយគ្នានេះ លោកអភិបាលក្រុងសួងក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋបាលក្រុង និងផ្តល់នូវកូនឈើប្រណីតរួមនឹងដើមផ្កាក្ងោកពណ៌លឿង និងដើមអន្ធនេលដើម្បីដាំក្នុងក្រុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី"ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២" ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់)នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលកំពុងពន្លឿនការសាងសង់ដែលកម្ពស់បីជាន់ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសើចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
86 នាក់
ម្សិលមិញ :
528 នាក់
សប្តាហ៍នេះ :
3601 នាក់
ខែនេះ :
22266 នាក់
3 ខែនេះ :
55661 នាក់
សរុប :
243439 នាក់