ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩~២០២០ជំនាន់ទី០៣ចំនួន៥១នាក់នៅប្រទេសអ៊ិស្រាអែល
Fri,06 September 2019 (Time 06:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី០៣ ចំនួន៥១នាក់ នៅប្រទេសអ៉ីស្រាអែល។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជាថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍ បណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀបបានអានរបាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីកម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៉ីស្រាអែលថា ចាប់តាំងពីឆ្នាំ២០១៧ សាលាជាតិកសិកម្មព្រែកលៀប បានចាប់ផ្តើមបញ្ជូននិស្សិតចំនួន ១០នាក់ ជារៀងរាល់ឆ្នាំឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៉ីស្រាអែល តាមរយ:កូតារបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្នុងឆ្នាំ២០១៩ សាលាបានចុះអនុស្សរណយោគយល់គ្នា (MOU) ជាមួយ Sedot Regional Council Israel Center (SRCIC) លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្ម ហើយជាក់ស្តែងឆ្នាំទី១ នៃការអនុវត្ត MOU នេះ សាលា និង SRCIC បានសម្រេចបង្កើនចំនួននៃការជ្រើសរើសនិសិស្សិតរហូតដល់៥១នាក់ ឲ្យទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ នៅប្រទេសអ៉ីស្រាអែលតាមមុខវិជ្ជារៀងៗខ្លួន ដែលក្រុមទី១ នឹងត្រូវចេញដំណើរនៅថ្ងៃទី១០ ហើយក្រុមទី២ នៅថ្ងៃ១៧ ខែកញ្ញាខាងមុខនេះ។

មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់និស្សិតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាជាតិកសិកម្មព្រែកលៀបដែលបានខិតខំស្វះស្វែងរកដៃគូទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវជំនួយឧបត្ថម្ភ គាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ជាក់ស្តែង លទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ សាលាទទួលបានការគាំទ្រ និងឱកាសជាបន្តបន្ទាប់ផ្តល់ដល់និស្សិតខ្មែរយើងទៅធ្វើការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ មានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងភាតរបរិស្ថាន នៅបណ្តាប្រទេសដែលកំពុងមានការជឿនលឿនក្នុងវិស័យកសិកម្ម ដូចជាប្រទេសអ៉ីស្រាអែលនេះតែម្តង។ ហើយនេះក៏ជាឱកាសរបស់ក្មួយៗដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាំងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៉ីស្រាអែលតាមរយ: SRCIC ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសដល់និស្សិតយើងទៅធ្វើកម្មសិក្សា។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនដោយសង្ខេបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាពិសេសវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ ដែលទាមទារចាំបាច់ធនធានុមនុស្សពោរពេញដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ:។ ដូច្នេះ និស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាម តស៊ូ ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលដែលមានសក្តានុពលផ្នែកចំណេះជំនាញ បទពិសោធន៍ បុគ្គលដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់ក្មួយៗនិស្សិតឲ្យយកចិត្តទុកដាក់ គិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷

ទី១. ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស ការគ្រប់គ្រងលើជំនាញបច្ចេកទេសទំនើប រត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤ បច្ចេកទេសសមស្របតាមលក្ខខណ្ឌភូមិសាស្រ្ត អាកាសធាតុ និងក្សេត្របរិស្ថានរបស់ប្រទេសយើង។

ទី២. ត្រូវគោរពច្បាប់ វិន័យ លក្ខខណ្ឌការងាររបស់សាលា និងក្រុមហ៊ុន ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង។ មិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយ ឬសកម្មភាពណាដែលខុសនឹងច្បាប់នៃប្រទេសគេទ្បើយ។

ទី៣. ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ចងសម្ព័ន្ធមេត្រីភាពជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនង និងចំណេះជំនាញ។

ទី៤. ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។ ដូច្នេះ ក្មួយៗត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគតក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្មួយៗ នឹងខិតខំប្រឹងប្រែងតស៊ូ លះបង់ ព្យាយាមធ្វើការ ដើម្បីអនាគតខ្លួនផ្ទាល់ និងកិត្តិយសជាតិផង ហើយលោកសូមជូនពរឲ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យល្អប្រសើរ មានសុវត្ថិភាព និងសូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងបំពេញការងារនៅប្រទេសអីស្រាអែល។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
648 នាក់
ខែនេះ :
2812 នាក់
3 ខែនេះ :
7134 នាក់
សរុប :
8379 នាក់