ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនចុះសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពនៅស្រុកពាមជរខេត្តព្រៃវែង
Mon,05 August 2019 (Time 01:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 46នាក់)

នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួសារ របស់គម្រោងជំរុញផលិតកម្មស្បៀង នៅក្នុងបរិវេណវត្តកោះពាមរាំង ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ។

បន្ទាប់ពីលោកប្រធានមន្ទីរ និងអភិបាលរងខេត្តបានរាយការណ៍ និងធ្វើចំណាប់អារម្មណ៍ទាក់ទងនឹង សកម្មភាពផលិតបន្លែសុវត្ថិភាពនៅតំបន់នេះរួចមក ជាបឋមឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងស្រុកពាមជរ ដែលសម្តេចតែងតែគិតគូពីបញ្ហាសុខទុក្ខរបស់បងប្អូនគ្រប់ៗគ្នា ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។ បន្ទាប់មកលោកបានធ្វើការសំណេះសំណាលជាមួយកសិករផលិតបន្លែដោយបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកាន់យកអាជីពជាអ្នកដាំបន្លែដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យបានល្អប្រសើរ។ ព្រមជាមួយគ្នានេះលោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្រ្តីអនុវត្តគម្រោងដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងសម្រេចបានលទ្ធផលល្អដូចយើងបានឃើញនាថ្ងៃនេះ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងផ្តោតជាសំខាន់ទៅលើការផលិតបន្លែសុវត្ថិភាពក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពកសិករតាមរយ: ការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក និងឈានទៅកាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានផ្តល់យោបល់ជារួមដោយសំដៅទៅលើការអនុវត្តបច្ចេកទេសបន្ថែមដើម្បីបង្កើនផលិតភាពផលិតកម្មបន្លែ រៀបចំចងក្រងសហគមន៍ផលិតបន្លែសុវត្ថិភាពដោយសហការជាមួយវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងតម្លៃ។ លោកបានបញ្ជាក់បន្ថែមថា ទីផ្សារជាអ្នកកំណត់គុណភាព និងសុវត្ថិភាព ដោយហេតុនេះអ្នកផលិតត្រូវចាប់យកឱកាសទីផ្សារឲ្យបាន មានទីផ្សារមានការបញ្ជាទិញ ហើយមានការបញ្ជាទិញ ទើបមានផែនការផលិត ច្បាស់លាស់ មានយន្តការអនុវត្តបច្ចេកទេសត្រឹមត្រូវ ដល់ពេលនេះអ្នកផលិតយើងឈប់ផលិតបន្លែរដូវ និងឈប់ផលិតតាមគ្នា។ ក្រៅពីនេះ ត្រូវពង្រីកលទ្ធភាពដាំដុះឲ្យអស់សមត្ថភាពដេីម្បីធានាឲ្យបានទាំងបរិមាណនិងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ ឈានទៅកាត់បន្ថយការនាំចូល។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មត្រូវសិក្សាពីលទ្ធភាពចងក្រងសហគមន៍ផលិត កំណត់ឲ្យបានច្បាស់ពីលក្ខណៈអំណោយផលតំបន់ដាំដុះបន្លែដេីម្បីទាក់ទាញ និងតម្រង់ទិសដល់អ្នកផលិត និងអ្នក បញ្ជាទិញ ងាយស្រួលកំណត់ប្រភេទបន្លែដែលទីផ្សារត្រូវការ។ សិក្សាពីលទ្ធភាពនៃការបង្វែរទិសដៅដាំដុះដំណាំដែលគ្មានទីផ្សារច្បាស់លាស់ ផ្តល់ទិន្នផលទាប ប្រេីប្រាស់ទឹកច្រេីន និងពលកម្មថែទាំ ងាកមកដាំបន្លែ ដែលសមស្របទៅនឹងស្ថានភាពភូមិសាស្រ្តអំណោយផល គុណ ភាពដី លទ្ធភាពទឹក និងពលកម្ម និងជាពិសេសនិន្នាការនៃកំណើនតម្រូវការផលិតផលបន្លែសុវត្ថិភាពកាន់តែកើនឡើងជាលំដាប់។ ត្រូវស្វែងរកដៃគូអភិវឌ្ឍ និងវិស័យឯកជនសហការគ្នាបង្កើតមជ្ឈមណ្ឌលប្រមូលទិញ ផ្គត់ផ្គង់ និងចែកចាយ ដោយរៀបចំប្រព័ន្ធវេចខ្ចប់ រក្សាទុកក្នុងទូរត្រជាក់ និងដឹកជញ្ជូនត្រឹមត្រូវតាមបច្ចេកទេស។

សូមបញ្ជាក់ជូនផងដែរថាគម្រោងជំរុញផលិតកម្មស្បៀង ត្រូវបានរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុឧបត្ថម្ភទឹកប្រាក់ចំនួនជាង ២០លានដុល្លារសហរដ្ឋអាមេរិក យកទៅអនុវត្តគម្រោងក្នុងខេត្តគោលដៅចំនួន១១ ក្នុងបំណងផលិតពូជស្រូវក្រអូប និងប្រភេទបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅកាត់បន្ថយការនាំចូល ដោយកំណត់គោលការណ៍ផលិតឲ្យបានស្រូវក្រអូបចំនួន១៥ពាន់តោន/ឆ្នាំ និងបន្លែចំនួន ៦០ពាន់តោន/ឆ្នាំនាឆ្នាំ២០១៩។ គម្រោង បានជ្រេីសយកសហគមន៍៦០ ផលិតពូជ ២០០ សហគមន៍ផលិតស្រូវចំណី កសិករចំនួន២០០០គ្រួសារផលិតបន្លែខ្នាតមធ្យម និង៦០គ្រួសារទៀតផលិតបន្លែខ្នាតធំ ដោយត្រូវអនុវត្តតាមគោលការណ៍ស្តីពីការអនុវត្តកសិកម្មល្អ(Good Agricultural Practices, GAP)។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1512 នាក់
ខែនេះ :
6927 នាក់
3 ខែនេះ :
14158 នាក់
សរុប :
21967 នាក់