ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតការសំរាប់ឆ្នាំសិក្សា២០១៩ - ២០២០នៅប្រទេសអ៊ិស្រាអែល
Fri,30 August 2019 (Time 09:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 40នាក់)

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី១២ ចំនួន១៦៩នាក់ នៅប្រទេសអ៊ីស្រាអែល។ ពិធីនេះ ក៏មាន ការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតយ៉ាងច្រើនប្រមាណ ២០០នាក់។

ជាបឋម ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានអាន របាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីកម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែលថា RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១១រួចមកឆ្នាំហើយ។ សរុបទាំង១១ ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ៨៨៨នាក់ ។ ដោយឡែកសម្រាប់ជំនាន់ទី១២ សម្រាប់ឆ្នាំ ២០១៩- ២០២០ មាននិស្សិតចំនួន ១៦៩នាក់ (ពី RUA ចំនួន១៤៩ នាក់ សាលាជាតិកសិកម្មព្រែកលៀបចំនួន ១០នាក់ និងសាលាជាតិកសិកម្មកំពង់ចាម ចំនួន ១០ នាក់) នឹងត្រូវចេញដំណើរនៅដើមខែកញ្ញាខាងមុខនេះ។ ក្រៅពីនេះ ឯកឧត្តមក៏បានបញ្ជាក់ជូនផងដែរអំពីលក្ខខណ្ឌនៃការជ្រើសរើស លក្ខខណ្ឌការងារ ប្រាក់បៀវត្ស ការស្នាក់នៅ និងមុខវិជ្ជាសំខាន់ៗដែលតម្រូវឲ្យនិស្សិតរៀនដើម្បីសន្សំក្រេឌីត។

មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់និស្សិតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ RUA សាលាជាតិកសិកម្មព្រែកលាប និងកំពង់ចាម ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។ លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើន ឡើងជាបន្តបន្ទាប់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីវឌ្ឍនភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័នគាំទ្រសំខាន់ៗ ជាពិសេសវិស័យកសិកម្ម នាពេលបច្ចុប្បន្ន និងទិសដៅជាយុទ្ធសាស្រ្តនៃការអភិវឌ្ឍនាពេលខាងមុខ។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មទាមទារចាំបាច់ធនធានមនុស្សដែលប្រកបដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូបឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាម តស៊ូអត់ធន់ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម បុគ្គលល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយ ចំនួនដើម្បីជាជំនួយស្មារតីដល់ក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷

-ទី១.ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប (Modern Technology) បច្ចេកវិទ្យាវៃឆ្លាត (SMART Technology) ដើម្បីរត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤ សម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT) និងសម័យបញ្ញាសិប្បនិមិត្ត AI (Artificial Intelligence) ជាដើម ។
-ទី២.ត្រូវគោរពច្បាប់ វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យា យាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួននិងសុវត្ថិភាពការងារជាចម្បង។ មិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយនៅក្នុងប្រទេសគេទ្បើយ។
-ទី៣.ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា។
-ទី៤.ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។ នេះជាឱកាសដ៏ល្អរបស់ក្មួយៗដែលត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគតក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរឲ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យល្អប្រសើរតាមក្តីសង្ឃឹម មានសុវត្ថិភាព និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតទ្បើយ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
653 នាក់
ខែនេះ :
2817 នាក់
3 ខែនេះ :
7139 នាក់
សរុប :
8384 នាក់