ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុននិងឯកអគ្គរាជទូតជប៉ុនសម្ពោធដាក់អោយប្រើប្រាស់មជ្ឈមណ្ឌលលាងសម្អាតវេចខ្ចប់និងចែកចាយបន្លែនៅខេត្តកណ្តាល
Mon,29 July 2019 (Time 02:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 90នាក់)

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។ ដើម្បីញ៉ាំងឲ្យពិធីដ៏មានសារៈសំខាន់នាព្រឹកនេះប្រព្រឹត្តទៅកាន់តែមានភាតរភាព និងមោទនភាព ក៏មានការវត្តមានរបស់ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោក ជំទាវជាថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រជាកសិករ និងអាជីវករយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងចំណាប់អារម្មណ៍ដ៏មានខ្លឹមសាររបស់ឯកឧត្តម ឯកអគ្គរាជទូតរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងអ្នកបច្ចេកទេស ជាបន្តបន្ទាប់ចំពោះប្រទេសកម្ពុជាលើគ្រប់វិស័យជាប្រចាំ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។ ទៀតសោត ជំនួយឥតសំណងសម្រាប់សាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើប្រាស់នាឱកាសនេះ គឺជាសក្ខីភាពមួយទៀតបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងនូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តម និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី "កសិករ ទៅជា កសិ-ពាណិជ្ជករ"។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើងទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។

មួយវិញទៀត ប្រជាជនយើងក៏បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ជាការឆ្លើយតប ក្រសួងបានដាក់ចេញនូវគោលការណ៍ និងដាក់ឲ្យប្រើប្រាស់នូវរូបសញ្ញាជាតិនៃការ អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់នូវឯកសារស្តង់ដារកសិកម្មសរីរាង្គកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនមានជាអាទិ៍៖

ទី១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជំរុញ និងលើក ទឹកចិត្តដល់ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្មក្នុងការផលិតបន្លែសុវត្ថិភាព ដែលមានស្តង់ដារច្បាស់លាស់ដូចជា CamGAP ឬសរីរាង្គ និងធ្វើការសម្រប សម្រួលក្នុងការស្នើសុំចុះបញ្ជីទទួលស្គាល់ជាកសិដ្ឋានអនុវត្តកសិកម្មល្អ ឬកសិកម្មសរីរាង្គ ដើម្បីអាចប្រើប្រាស់ស្លាកសញ្ញាស្តង់ដារច្បាស់លាស់លើផលិតផល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកបរិភោគថាជាបន្លែដែលមានគុណភាព និងសុវត្ថិភាព។

ទី២. មន្ទីរពិសោធន៍ ក្រោមឱវាទក្រសួងទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតឲ្យបានពេញលេញក្នុងការវិភាគរកនូវសារធាតុបង្កផលប៉ះពាល់ដល់សុខភាពគ្រប់ប្រភេទរួមមានទាំងសំណល់ថ្នាំកសិកម្ម លោហៈធ្ងន់ និងសំណល់ជីវសាស្ត្រជាដើម។ ត្រូវបន្តលើកកម្ពស់ការងារបណ្តុះបណ្តាល និង ផ្សព្វផ្សាយអំពីលក្ខខណ្ឌបច្ចេកទេសនៃការប្រើប្រាស់ជី-ថ្មាំកសិកម្មដល់ប្រជាកសិករ និងសហគមន៍កសិកម្មឲ្យបានខ្ជាប់ខ្ជួន ជៀសវាងការអនុវត្តខុសបច្ចេកទេសដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។

ទី៣. ត្រូវជំរុញការអនុវត្តយន្តការផលិតកម្មតាមកិច្ចសន្យា ក៏ដូចជាជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងការពង្រឹងសហគមន៍កសិកម្មឲ្យប្រែក្លាយទៅជាកសិ-ធុរកិច្ច។

ទី៤. ត្រូវគិតគូរជាមួយដៃគូពាក់ព័ន្ធទាំងអស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ក៏ដូចជាទីផ្សារកសិកម្មតាមលក្ខណៈឌីជីថលឲ្យបានទូលំទូលាយដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មទៅជាកសិកម្មបែបប្រពលវប្បកម្ម មានផលិតភាពខ្ពស់ និងផលិតសម្រាប់ធ្វើពាណិជ្ជកម្ម។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1502 នាក់
ខែនេះ :
6917 នាក់
3 ខែនេះ :
14148 នាក់
សរុប :
21957 នាក់