ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
Fri,07 June 2019 (Time 03:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 65នាក់)

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើជំនាញទន្តបណ្ឌិត, ឱសថសាស្ត្រ, គិលាននុបដ្ឋាក និងឆ្មប។ និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនេះ មាននិស្សិតជាច្រើន បានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្តនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេសមានដូចជា ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពដែលថ្ងៃនេះ យើងបានទទួលបានធនធានមនុស្សផ្នែកសុខាភិបាលបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតជ័យលាភី និងឪពុកម្តាយអាណាព្យាបានទាំងអស់ចំពោះភាពជោគជ័យរបស់និស្សិតយើងក្នុងថ្ងៃនេះ។

ដោយសារសាកលវិទ្យាល័យនេះ មានការបណ្តុះបណ្តាលទៅលើផ្នែកវេជ្ជសាស្ត្រនោះ សម្តេចតេជោបានផ្តល់នូវអនុសាសន៍ដល់សាកលវិទ្យាល័យ នេះ ក៏ដូចជាសាកលវិទ្យាល័យនានាផងដែរ ដែលមានបណ្តុះបណ្តាលជំនាញទេព្យ ព្រមទាំងក្រសួងសុខាភិបាលផងដែរនោះ ត្រូវយកចិត្តទុកដាក់ចំពោះវិជ្ជាជីវៈនេះ ពីព្រោះជំនាញនេះគឺជាអាយុជីវិតរបស់មនុស្ស។ ការលើកឡើងបែបនេះដោយកន្លងមកសម្តេចសង្កេតឃើញថា មានពេទ្យមួយចំនួនបានដើរចាក់ថ្នាំដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់ធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ ការផលិតឱសថក៏ដូច្នេះដែរ ត្រូវតែមានស្តង់ដាមួយច្បាស់លាស់ ដោយមានការទទួលស្គាល់ពីស្ថាប័នសុខាភិបាលត្រឹមត្រូវ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តចំពោះការបណ្តុះបណ្តាលធនធានមនុស្សនេះ ដោយសម្តេចបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយរីកចម្រើនបាន ដោយគ្មានការចូលរួមពីវិស័យអប់រំឡើយ ហើយភាពរីកចម្រើននៃវិស័យនេះក៏ទាមទាអោយមានការចូលរួមពីវិស័យឯកជនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពចំពោះវិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយមានការរីកចម្រើនជាបន្តបន្ទាប់ក្រោយពីប្រទេសយើងងើបពីសង្គ្រាមជា ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលវិស័យអប់រំនេះត្រូវបំផ្លិចបំផ្លាញ។ បចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រីកវិសាលភាពនៃវិស័យអប់រំអោយកាន់តែទូលំទូលាយ ដោយក្នុង
នោះរាជរដ្ឋាភិបាលកំណត់ថា តាមមូលដ្ឋានគឺឃុំ១អាចមានវិទ្យាល័យ១ និងអនុវិទ្យាល័យច្រើន ហើយខេត្តមួយអាចមានសាកលវិទ្យាល័យ១ផងដែរ។ ដូច្នេះការពង្រាយសាលារៀនត្រូវបានអនុវត្តជាបន្តបន្ទាប់ទៀត ដើម្បីអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។

ទាក់ទងទៅនឹងរដូវធ្វើស្រែចំការដែលបានចូលមកដល់ហើយនោះ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំរំលឹកដាស់តឿនប្រជាកសិកម្មក្នុងរបរធ្វើស្រែចំការឆ្នាំនេះ ជាពិសេសត្រូវជំរុញអោយប្រជាកសិករបង្កើនការដាំដុះដោយប្រើជីធម្មជាតិអោយបានច្រើន កាត់បន្ថយការប្រើជីគីមីដែលនាំអោយប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាព កាត់បន្ថយការប្រើប្រាស់បន្លែផ្លែឈើដែលមានជាតិគីមី អាចកុំទិញផលិតផលដែលមានជាតិគីមី ដែលជាការចូលរួមធ្វើពហិការក្នុងការមិនគាំទ្រចំណីអាហារដែលប្រើប្រាស់ជាតិគីមីផងដែរ។ ក្នុងនោះក្រសួងសុខាភិបាលត្រូវតែមានការតាមដានចំពោះបញ្ហានេះ រួមទាំងស្ថាប័ន កាំកុងត្រូផងដែរ ត្រូវតែមានការត្រួតពិនិត្យចំពោះគុណភាពទំនិញផលិតផលនានាដែលមិនមានគុណភាព ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។

មុននឹងបញ្ចប់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងបរិយាកាសរីករាយក្រៃលែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
4050 នាក់
3 ខែនេះ :
9538 នាក់
សរុប :
12772 នាក់